មកដឹងពី៖ ហេតុអ្វីអ្នកជំងឺ COVID-19 ទាំង៣នាក់ ព្យាបាលមិនទាន់ជាទៀត រហូតមកដល់ពេលនេះ

ដូចដែលបានដឹងហើយថា ប្រទេសកម្ពុជាមិនមានរកឃើញករណីឆ្លងវីរុស COVID-19 ថ្មីបន្ថែមទៀត ប្រមាណ២០ថ្ងៃមកហើយៗក៏បានព្យាបាលអ្នកជំងឺ COVID-19 ស្ទើរទាំងអស់ នៅសល់តែ ៣ករណីប៉ុណ្ណោះ ដែលមាននៅក្នុងខេត្តព្រះសីហនុ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ អ្នកជំងឺនៅក្នងខេត្តទាំង៣នេះ មានដូចជា៖

ទី១.ខេត្តកំពង់ឆ្នាំង៖ អ្នកជំងឺ COVID-19 ដែលព្យាបាលមិនទាន់ជា ភេទប្រុស អាយុ៧៥ឆ្នាំ ជាបុរសជនជាតិខ្មែរ-អ៊ីស្លាម រកឃើញវិជ្ជមានវីរុស COVID-19 កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ អ្នកជំងឺ COVID-19 រូបនេះបានឆ្លងវីរុស COVID-19 បន្ទាប់ពីវិលត្រលប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ទី២. ខេត្តព្រះសីហនុ៖ អ្នកជំងឺ COVID-19 ជាបុរសជនជាតិខ្មែរ អាយុ៥៨ឆ្នាំ រកឃើញវិជ្ជមានវីរុស COVID-19 កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ លោកស្រីឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា អ្នកជំងឺជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំងមានផ្ទុកវីរុស COVID-19 ដែលបានរកឃើញនៅក្រុងព្រះសីហនុ។ បច្ចុប្បន្ន អ្នកជំងឺមានស្ថានភាពសុខភាពធម្មតា ហើយកំពុងសម្រាកព្យាបាលនៅខេត្តព្រះសីហនុ។

ទី៣. ខេត្តបន្ទាយមានជ័យ៖ តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ អ្នកជំងឺ COVID-19 ដែលមិនទាន់ជាសះស្បើយ ជាស្រី្ត អាយុ៣៦ឆ្នាំ បម្រើការនៅ Star TV រស់នៅក្រុងប៉ោយប៉ែត។ ស្ត្រីរូបនេះរកឃើញវិជ្ជមានវីរុស COVID-19 កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

មកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកម្ពុជាសរុបមានចំនួន ១២២ នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយចំនួន ១១៩នាក់ហើយ នៅតែ៣នាក់ខាងលើប៉ុណ្ណោះ និងគ្មានករណីស្លាប់ទេ។ ប្រភព៖ សួស្តីគ្រូពេទ្យ