WHO និយាយថា អ្នកជាសះស្បើយពីកូវីដ១៩ ហើយឈឺវិញម្ដងទៀត មិនមែនដោយសារអ្នកជំងឺឆ្លងវីរុសម្ដងទៀតទេ

អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ AFP កាលពីថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះថា អ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ ហើយលាប់មកឈឺវិញម្ដងទៀត មិនមែនដោយសារពួកគាត់ឆ្លងវីរុសនេះម្ដងទៀតទេ។ WHO បានឆ្លើយតបទៅនឹងការព្រួយបារម្ភដែលថា អ្នកជំងឺបានជាសះស្បើយប៉ុន្តែប៉ុន្មានរយៈក្រោយមកស្រាប់តែឈឺវិញ ដោយសារតែអ្នកជំងឺប្រហែលជាអាចឆ្លងវីរុស COVID-19 ម្ដងទៀត។ ជាក់ស្ដែងដូចនៅកូរ៉េខាងត្បូង ដែលមានអ្នកជំងឺប្រហែល ១០០នាក់ បានឈឺវិញម្ដងទៀត។ ប៉ុន្តែ WHO បានប្រាប់ថា បើតាមរបាយការណ៍កន្លងមកដែលខ្លួនធ្លាប់បានសិក្សា នេះគ្រាន់តែជាដំណើរការដែលអ្នកជំងឺកំពុងឈានដល់ការជាសះស្បើយទាំងស្រុង ហើយសួតរបស់ពួកគេព្យាយាមខ្ជាក់វីរុសដែលសេសសល់។

អង្គការសុខភាពពិភពលោកនិយាយថា វាត្រូវការការសិក្សាស៊ីជម្រៅថែមទៀតចំពោះបញ្ហានេះ ព្រោះថាជាធម្មតាអ្នកដែលជាពីជំងឺនឹងមានអង្គបដិប្រាណប្រឆាំងវីរុសដែលខ្លួនធ្លាប់ឆ្លង។ ដូចជាអ្នកដែលកើតកញ្ច្រិលដែរ ពេលគាត់កើតម្ដងហើយគាត់នឹងមិនមានជំងឺនេះវិញទេ ប៉ុន្តែបើនិយាយពីជំងឺសារ (SARS) អ្នកធ្លាប់ឆ្លងនឹងមានភាពស៊ាំនឹងវីរុសពី ២ ៣ខែ ទៅប៉ុន្មានឆ្នាំប៉ុណ្ណោះ។ WHO បានបន្ថែមថា៖ «វាមិនមែនជាការឆ្លងទេ វាមិនមែនជាការលាប់ឡើងវិញទេ។ វាជាផ្នែកមួយនៃដំណើរការនៃការជាសះស្បើយ»។ ជម្រាបដែរថា ជំងឺរាតត្បាតនេះបានសម្លាប់មនុស្សជាង ២៥៧,០០០ នាក់ និងចម្លងដល់មនុស្ស ៣.៨ លាននាក់ នៅទូទាំងពិភពលោក៕