គួរឲ្យសរសើរមែន ចាងហ្វាង TVFB លោក សុវណ្ណ រិទ្ធី ទទួលបានពានរង្វាន់ «សេរីភាពបញ្ចេញមតិ» ពីសារព័ត៌មានអាល្លឺម៉ង់

សារ​ព័ត៌មាន​អាល្លឺម៉ង់​ឈ្មោះ​ថា Deutsche Welle (DW)​កាលពីថ្ងៃទី០៣ ខែឧសភានេះ បាន​សម្រេច​ផ្តល់​ពាន​រង្វាន់ «សេរីភាព​បញ្ចេញ​មតិ»ឬ« Freedom of Speech Award»ដល់​លោក​សុវណ្ណ រិទ្ធី ចាង​ហ្វាង​សារព័ត៌មាន​អន​ឡាញ TVFB ដែល​កំពុង​ជាប់​ឃុំនៅក្នុង​ពន្ធនាគារ​។ ក្រៅ​ពី​លោក​សុវណ្ណ រិទ្ធីនេះ អ្នក​កាសែត​ចំនួន​១៦​នាក់​មក​ពី​ប្រទេស​ផ្សេង​ទៀត​ក៏​ទទួល​បាន​ពាន​រង្វាន់​នេះ​ផង​ដែរ​។

តាមរយៈវេបសាយរបស់ខ្លួន សារព័ត៌មានអាល្លឺម៉ង់ឈ្មោះថា Deutsche Welle (DW) បានលើកឡើងថា លោក សុវណ្ណ រិទ្ធី និង អ្នកកាសែតដទៃទៀតដែលទទួលបានពានរង្វាន់«សេរីភាពបញ្ចេញមតិ»នេះ គឺពួកគេតំណាងឱ្យអ្នកសែតនៅទូទាំងពិភពលោកដែលបានបាត់ខ្លួន ឬ ចាប់ខ្លួន ឬ រងការគម្រាមកំហែង ដោយសារតែសេចក្តីរាយការណ៍របស់ពួកគេជុំវិញបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។ អគ្គនាយកសារព័ត៌មានDW គឺលោក Peter Limbourg បានគូសបញ្ជាក់ថា ពានរង្វាន់«សេរីភាពបញ្ចេញមតិឆ្នាំ២០២០»នេះ គឺជាការឧទ្ទិសដល់អ្នកកា​សែ​តក្លាហានទាំងអស់នៅជុំវិញពិភពលោកដែលរងនូវការគាបសង្កត់ដោយសារតែការរាយការណ៍អំពីមេរោគរាតត្បាត ។

គួរជម្រាបជូនថា លោកសុវណ្ណ រិទ្ធី ដែលជាចាងហ្វាងសារព័ត៌មានអនឡាញTVFB ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីរូបលោកតាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនបាន​ស្រង់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​០៧​មេសា​ថា «បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យ​ធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ​»។

សម្រាប់​អាជ្ញាធរ​កម្ពុជា អ្វី​ដែល​លោក​នាយករដ្ឋ​មន្ដ្រី​លើក​ឡើង​នេះ គឺ​ជា​ការ​និយាយ​លេង​ និង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជាគ្មាន​ចេតនា​ដូច​ការ​ចុះ​ផ្សាយ​របស់​លោក សុវណ្ណ រិទ្ធី នេះឡើយ​។ ក្រោយចាប់ខ្លួនលោកសុវណ្ណ រិទ្ធី សារព័ត៌មានអនឡាញTVFBរបស់លោកក៏ត្រូវបានក្រសួងព័ត៌មានសម្រេចលុបចោលផងដែរ ដោយហេតុផលថា ធ្វើខុសវិជ្ជាជីវៈ ក្រមសីលធម៌ និង ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា។

ក្រៅពីអ្នកកាសែតកម្ពុជាលោកសុវណ្ណ រិទ្ធីនេះ សារព័ត៌មានអាល្លឺម៉ង់Deutsche Welle (DW) ក៏បានផ្តល់ពានរង្វាន់«សេរីភាពបញ្ចេញមតិ»នេះដល់អ្នកកាសែតចំនួន១៦នាក់មកពី១៣ប្រទេសផ្សេងទៀតផងដែរ។ អ្នកកាសែតទាំង១៦នាក់ទៀតនេះ មកប្រទេសស៊ែ​ប៊ី​ ​ស្លូ​វេ​នី​ បេឡា​រុស ​រុស្ស៊ី​ វេ​ណេ​ស៊ុយ​អេ​ឡា​ អ៊ីរ៉ង់​ ស៊ីម​បា​វ៉េ​ ​អ៊ូ​ហ្គ​ង់​ដា​ ​តួ​ក​គី​ ​ហ្ស៊​កដា​នី​ ឥណ្ឌា​ ​ហ្វីលីពីន​ និងប្រទេស​ចិន។ ពានរង្វាន់«សេរីភាពបញ្ចេញមតិ» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយត្រូវបានផ្តល់ជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់អ្នកកាសែតដែលបង្ហាញពីការប្តេជ្ញាចំពោះបញ្ហាសិទ្ធិមនុស្ស និង សេរីភាពនៃការបញ្ចេញមតិនៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មាន៕ ប្រភព៖ RFI