វត្តមួយ នៅខេត្តសៀមរាប ត្រូវបានហាមប្រាម ព្រះសង្ឃមិនឲ្យនិមន្តចេញក្រៅជាបណ្តោះអាសន្ន ក្រោយជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ ក្នុងសហគមន៍ កាលពីថ្ងៃទី..

993

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ ព្រោះដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ ១៩

និងដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលធ្ងន់ធ្ងរឆ្លងចូលក្នុងសហគមន៍ ទើបរដ្ឋបាលខេត្តសៀមរាប មន្ទីរធម្មការនិងសាសនាខេត្ត សុំផ្អាកព្រះសង្ឃទាំង២៦អង្គ រយៈពេល១៤ថ្ងៃ មិនឱ្យនិមន្តចេញក្រៅ រង់ចាំមានការណែនាំជាថ្មី បើទោះបីជាបច្ចុប្បន្ននេះ ព្រះសង្ឃគ្រប់អង្គមិនមានឆ្លងកូវីដ ១៩នេះក៏ដោយ ក៏ត្រូវអនុវត្តតាមវិធានការនៃការធ្វើចត្តាឡីស័កនៅមួយកន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តផងដែរ ។

ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កំដៅ មានសាប៊ូ ជេលឬអាល់កុលសម្រាប់លាងសំអាតដៃ ត្រូវពាក់ម៉ាស ក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១,៥០ម ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ – ៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ១៩ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់ ៕ ប្រភព៖ Khmernote