នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែល៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ យោងតាមលិខិតរបស់ក្រសួងបានឲ្យដឹងថា៖
១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២៖ ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
៣៖ កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។
៤៖ បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ។