ទៀតហើយចិន! ក្រោយពីករណីឆ្លងថ្មីចាប់ផ្ដើមរើឡើងវិញ ទីក្រុងវូហានត្រៀមធ្វើតេស្ដ ប្រជាជនរបស់ខ្លួន ចំនួន១១លាននាក់ទាំងអស់

ចិន៖ ទីក្រុងវូហានរបស់ប្រទេសចិនកំពុងរៀបចំផែនការធ្វើតេស្ដប្រជាជន ចំនួន១១លាននាក់របស់ខ្លួន ចំពោះជំងឺកូវីដ-១៩ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ផែនការនេះហាក់ដូចជាស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយគ្រប់សង្កាត់ទាំងអស់ក្នុងទីក្រុងវូហាន បានប្រាប់ឲ្យបញ្ជូនព័ត៌មានលម្អិត អំពីវិធីដែលការធ្វើតេស្តអាចត្រូវបានធ្វើឡើង ក្នុងរយៈពេល១០ថ្ងៃ។

វាកើតឡើងបន្ទាប់ពីទីក្រុងវូហាន បានកត់ត្រាករណីឆ្លងថ្មីចំនួន៦ នៅចុងសប្ដាហ៍។ មុននេះបន្តិច វាមិនមានករណីឆ្លងថ្មី ចាប់តាំងពីថ្ងៃទី៣ ខែមេសា។ វូហានដែលស្ថិតនៅក្នុងការបិទទីក្រុងយ៉ាងតឹងរឹង អស់រយៈពេល១១សប្ដាហ៍ បានចាប់ផ្ដើមបើកដំណើរការជាថ្មី នៅថ្ងៃទី៨ ខែមេសា។

ទីក្រុងវូហានមានប្រជាជនចំនួន១១លាននាក់ ដែលច្រើនជាងទីក្រុងមួយចំនួន ដូចជាទីក្រុងឡុងដ៍
មួយរយៈនេះ វាហាក់ដូចជាវិលទៅរកភាពប្រក្រតី ដោយសាលារៀនបានបើកដំណើរការវិញ អាជីវកម្មបានលេចចេញជាបណ្ដើរៗ ហើយការដឹកជញ្ជូនសាធារណៈបានចាប់ផ្ដើមដំណើរការឡើងវិញ។ ប៉ុន្ដែការលេចចេញបណ្ដុំករណីឆ្លងថ្មី ដែលស្ថិតនៅកន្លែងតែមួយ អាចនឹងគំរាមកំហែងដល់ការវិលទៅភាពប្រក្រតីវិញ។

មួយរយៈនេះ សភាពក្នុងទីក្រុងវូហានហាក់ដូចជា វិលទៅរកភាពប្រក្រតី
យ៉ាងណាមិញ គ្រប់សង្កាត់ទាំងអស់នៅក្នុងទីក្រុងវូហាន ត្រូវទទួលខុសត្រូវចំពោះផែនការផ្ទាល់របស់ខ្លួន ដោយផ្អែកលើទំហំប្រជាជនរបស់ពួកគេ និងថាតើបច្ចុប្បន្ននេះ មានការផ្ទុះឡើងយ៉ាងសកម្ម នៅក្នុងសង្កាត់ដែរឬទេ។ ឯកសារដែលសំដៅលើផែនការធ្វើតេស្ដ «ការប្រយុទ្ធប្រឆាំង១០ថ្ងៃ» ក៏និយាយដែរថា មនុស្សចាស់និងសហគមន៍ដែលមានប្រជាជនច្រើន គួរតែផ្ដល់អាទិភាព នៅពេលនិយាយដល់ការធ្វើតេស្ដ។

ទោះជាយ៉ាងណា មន្ត្រីសុខាភិបាលជាន់ខ្ពស់ជាច្រើនរូប ដែលដកស្រង់សម្ដីដោយកាសែត Global Times បានបង្ហាញថា ការធ្វើតេស្ដទីក្រុងទាំងមូលមិនមានភាពងាយស្រួល និងចំណាយច្រើន៕