BreakingNews: គិតត្រឹមរយៈពេល២៤ម៉ោងដូចគ្នា ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ច្រើនជាងសហរដ្ឋអាមេរិក

ប្រេស៊ីល៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រចាំថ្ងៃរបស់ប្រទេសប្រេស៊ីល គឺខ្ពស់ជាងអ្នកស្លាប់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយនៅថ្ងៃអង្គារនេះថា មានមនុស្សស្លាប់យ៉ាងតិច១,០៣៩នាក់ ដែលត្រូវបានគេរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យ៉ាងហោចណាស់មានមនុស្សចំនួន៦៨៣នាក់ បានស្លាប់នៅសហរដ្ឋអាមេរិក កំឡុងពេលដូចគ្នា នេះបើយោងតាមចំនួនករណីសរុបរបស់សាកលវិទ្យាល័យ Johns Hopkins University។
ក្នុងរយៈពេល២៤ម៉ោង ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ ច្រើនជាងសហរដ្ឋអាមេរិក

ប្រទេសប្រេស៊ីលបានរាយការណ៍ថា យ៉ាងហោចណាស់មានអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណាចំនួន៨០៧នាក់ កាលពីថ្ងៃចន្ទ។ សហរដ្ឋអាមេរិកមានអ្នកស្លាប់ចំនួន៤៩៨នាក់ ក្នុងរយៈពេលដូចគ្នានេះ។
គិតត្រឹមយប់ថ្ងៃអង្គារ យ៉ាងហោចណាស់មានករណីស្លាប់សរុបចំនួន២៤,៥១២នាក់ នៅប្រទេសប្រេស៊ីល។ ក្រសួងសុខាភិបាលប្រេស៊ីលនៅថ្ងៃអង្គារនេះបាននិយាយថា យ៉ាងហោចណាស់មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១៦,៣២៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យមានករណីសរុប ឆ្លងរាលដាលទូទាំងប្រទេស ចំនួន៣៩១,២២២នាក់៕