អ្វីដែលអ្នកគួរយល់ដឹង តើធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?

133

គ្នាយើងធ្លាប់តែឮថា អ្នកនេះធ្លាយក្រពះ ឬអ្នកនោះធ្លាយក្រពះ តែមានដឹងអត់ថា ការធ្លាយក្រពះនេះ បណ្តាលមកពីមូលហេតុអីឲ្យប្រាកដ? ឆ្លើយតបនឹងសំណួរនេះ លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ឯកទេសជំងឺក្រពះ ថ្លើម ពោះវៀន បានឲ្យដឹងថា ស្ទើរតែ៩០% នៃការធ្លាយក្រពះគឺកើតឡើងដោយសារការញ៉ាំថ្នាំផ្សំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។

ប្រភេទថ្នាំដែលបណ្តាលឲ្យធ្លាយក្រពះ ភាគច្រើនគឺថ្នាំសរសៃ (non steroidal anti inflammatory drugs) ដូចជា ពពួកថ្នាំ Voltaren Ibuprofen ។ល។

លោកវេជ្ជបណ្ឌិត បន្តថា អ្នកដែលប្រឈមនឹងការធ្លាយក្រពះភាគច្រើនគឺ មានបញ្ហាដំបៅក្រពះស្រាប់ដោយមិនដឹងមុន ហើយទៅផ្សំថ្នាំញ៉ាំផ្តេសផ្តាសដើម្បីបំបាត់ការឆ្អល់ពោះ ឬបំបាត់ការឈឺជង្គង់ ជាហេតុបណ្តាលឲ្យមានការធ្លាយក្រពះកើតឡើង។

មួយវិញទៀត លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ការញ៉ាំស្រា ក៏អាចបណ្តាលឲ្យធ្លាយក្រពះបានដែរ តែបើប្រៀបនឹងធ្លាយក្រពះដោយសារប្រើថ្នាំខុសបច្ចេកទេស គឺមានភាគរយក្នុងការធ្លាយក្រពះទាបជាង។ បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតថា ទោះយ៉ាងណាការធ្លាយក្រពះនេះ ក៏បង្ការមិនឲ្យកើតឡើងបានដោយ៖

ទី១.ចៀសវាងកុំឲ្យមានដំបៅក្រពះ

ទី២. ចៀសវាងប្រើថ្នាំសរសៃផ្តេសផ្តាស

ក្នុងករណីដែលអ្នកជំងឺចាំបាច់ត្រូវប្រើថ្នាំសរសៃ គឺត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវ ដើម្បីធ្វើរោគវិនិច្ឆ័យថា អាចប្រើបានដោយមិនមានផលប៉ះពាល់់អីដល់សុខភាព ឬព្យាបាលតាមវេជ្ជបញ្ជាពេទ្យត្រឹមត្រូវទៅលើជំងឺដែលមាននោះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ប្រភព៖ Helloគ្រូពេទ្យ