សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ តម្លៃជ្រូកនឹងមកនៅត្រឹមតែ ១២,០០០រៀលក្នុងមួយគីឡូក្រាម នៅសប្តាហ៍ក្រោយនេះ

1
Looking for Arab Singles? Check out ArabMatchmaking.com

ភ្នំពេញ៖ កាលពីថ្ងៃទីសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលទាក់ទងទៅ នឹងតម្លៃសាច់ជ្រូកនៅលើទីផ្សារ ដោយចាប់ពីសប្ដាហ៌ក្រោយនេះតទៅ តម្លៃជ្រូករស់នៅទូទាំងប្រទេស នឹងធ្លាក់ថ្លៃនៅសល់ត្រឹមតែ ១២,០០០រៀល ក្នុង១គីឡូក្រាម។

បើចង់ជ្រាបច្បាស់សូមប្រិយមិត្តអញ្ជើញអាចសេចក្ដីប្រកាស របស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដូចខាងក្រោម៖ សេចក្តីប្រកាសព័ត៌មាន ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងសកលលោក និងតំបន់ ក៏ដូចជានៅកម្ពុជាផងដែរ ដែលអាចបង្កជាផលប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាព ស្បៀងអាហារ របស់ប្រជាពលរដ្ឋ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយបានស្នើឲ្យមានការកាត់បន្ថយការនាំចូល និងការបង្កើនការដាំដុះបន្ថែម ចិញ្ចឹមត្រី និងចិញ្ចឹមសត្វជាដើម ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកាត់បន្ថយចំនួនជ្រូកនាំចូលពីបរទេស ធ្វើឲ្យកសិករនិងក្រុមហ៊ុនចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមជ្រូក មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ធ្វើឱ្យអ្នកចិញ្ចឹមសត្វ មានទឹកចិត្តចិញ្ចឹមសត្វឡើងវិញ ដោយសារតែតម្លៃជ្រូកកេីនឡើងខ្ពស់វិញ ។

ប្រការនេះធ្វើឲ្យផលិតផលដែលកសិករចិញ្ចឹមសត្វ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចប្រកួតប្រជែងទីផ្សារបានបង្កើតការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុកជាដើម ។

ទន្ទឹមពេលគ្នានេះដែរតម្លៃជ្រូករស់នៅនាពេលបច្ចុប្បន្នមានតម្លៃចាប់ពី ១៣,២០០រៀល ទៅ ១៤,២០០រៀល ក្នុងមួយគីឡូក្រាម ។

ដើម្បីអនុវត្តអនុសាសន៍ណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កុំឲ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើឲ្យផលប៉ះពាល់ដល់អ្នកបរិភោគ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងខិតខំរិះរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់ មកនៅត្រឹមតែ ១២,០០០រៀល ក្នុងមួយគីឡូក្រាម នៅសប្តាហ៍ក្រោយនេះ៕