អស្ចារ្យណាស់! មកមើល សត្វចម្លែកដ៏កម្របានឃើញ ដែលរស់នៅក្នុងទឹកជ្រៅដ៏សែនត្រជាក់នៃសមុទ្រស

អ្នកមុជទឹកម្នាក់បានជម្នះអាកាសធាតុដកសូន្យអង្សាសេ ដើម្បីតាមប្រមាញ់រូបថតដ៏កម្រ បានឃើញ នៃសត្វចម្លែកៗដែលរស់នៅក្នុងទឹកជម្រៅជាង ១៥០ ម៉ែត្រក្រោមសមុទ្រស ឬ White Sea ជិតប្រទេសរុស្ស៊ី។

លោក អាឡិចសាន់ឌ័រ សេម៉េណូវ (Alexander Semenov) ដែលជាអ្នកជំនាញខាងជីវសមុទ្រ មកពីក្រុងមូស្គូប្រទេសរុស្ស៊ីបានចំណាយពេលតែ៤០នាទីប៉ុណ្ណោះនៅក្រោមផ្ទៃទឹកសមុទ្រ ដ៏សែនត្រជាក់ក្នុងជម្រៅ ៧០ ម៉ែត្រ ប៉ុន្តែដោយសារកាមេរ៉ាបំពាក់បច្ចេកវិទ្យាដ៏ទំនើប បានជួយឱ្យគាត់អាចថតផ្ដិតយករូបភាពសមុទ្រទឹកជ្រៅបានយ៉ាងច្បាស់ក្រឡែត។

បុរសរូបនេះនិយាយថា “សត្វទាំងនេះបានបណ្ដែតខ្លួនក្នុងលំហទឹកសមុទ្រដ៏ធំល្វឹងល្វើយ អស់ច្រើនលានឆ្នាំមកហើយហើយពេលវេលាបានធ្វើឱ្យពួកវាជាច្រើនមានរូបរាងចម្លែកៗគួរ ឱ្យភ្ញាក់ផ្អើល។ ខ្ញុំពិតជាសំណាងណាស់ដែលបានឃើញពិភពនេះដោយផ្ទាល់ភ្នែក”។

សូមបញ្ជាក់ថា សមុទ្រស ឬ White Sea គឺជាកន្លែងដ៏សែនដាច់ស្រយាល និងគ្មានអ្នកណា ហ៊ានប៉ះពាល់នៅលើភពផែនដី។ សមុទ្រនេះមានជម្រៅចាប់ពី ៧០ ម៉ែត្រដល់ ៣៤០ ម៉ែត្រ។
សមុទ្រស ស្ថិតក្នុងចំណោមសមុទ្រចំនួន ៤ ដែលគេបានដាក់ឈ្មោះជាភាសាអង់គ្លេស តាមពណ៌របស់វាដូចជា សមុទ្រខ្មៅ (Black Sea) សមុទ្រក្រហម (Red Sea) និងសមុទ្រលឿង (Yellow Sea)៕ (Reaksmey News)