បន្ទាន់ ! ក្រសួងអប់រំ អនុញ្ញាតិអោយបើកសាលាបណ្តើរៗ វិញហើយ តែត្រូវគោរពតាមលក្ខ័ណ្ឌទាំងនេះ…

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពាស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាអនុញាតឲ្យបើកសាលារៀនជាបណ្តើរៗឡើងវិញនៅខែសីហា ឆ្នាំ2020 ខាងមុខនេះ។ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ជាជំហានដំបូងក្រសួង នឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ ដែលមានស្តង់ដារខ្ពស់រួមមានសាលាភាសាជប៉ុនអង់គ្លេសអាមេរិកាំង និង បារាំង ជាមុនសិន ដែលមានសិស្ស ប្រមាណ២ម៉ឺននាក់។

ប៉ុន្តែមុននឹងបើកសាលានីមួយៗត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួង ដើម្បីឲ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះស្របតាមស្តង់ដាតាមការណែនាំរបស់ក្រសួងសុខាភិ បាលដែរឬយ៉ាងណាមុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតអោយបើកជាផ្លូវការ។ លោកស្រីរដ្ឋលេខាធិការ បន្តថា សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួងក្នុងនោះរួមមានត្រូវអនុវត្ត រក្សាសុវត្តិភាព គម្លាតសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់១៥នាក់និងត្រូវធ្វើតេស្តរកកូវីដ១៩ទាំងគ្រូ និងសិស្សមុននឹងចាប់ផ្តើមចូលរៀន។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជំហររបស់ក្រសួងអប់រំ យុវជន និងកីឡាលើការបើកដំណើរការ សាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល។ ដំណាក់កាលទី១ សាលារៀនមានស្តង់ដា សុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា៕ ប្រភព៖ MYTV PLUS