អស្ចារ្យណាស់! ក្រសាប្រផេះ ជាបក្សីដែលមានវត្តមានពេញមួយឆ្នាំក្នុងតំបន់ដីសើម

ក្រសាប្រផេះ ឬ Grey Heron ជាប្រភេទបក្សីដែលរស់នៅតំបន់ដីសើមនៃប្រទេសកម្ពុជា ហើយវាមានវត្តមានពេញមួយឆ្នាំ ដោយមិនផ្លាស់ទីទៅតំបន់ណាផ្សេងទៀតឡើយ។ នេះបើយោងទៅតាមហ្វេសប៊ុកក្រសួងបរិស្ថាន។

ក្រសាប្រផេះមានទំហំពី៩០-៩៨សង់ទីម៉ែត្រ។ នៅរដូវមិនបន្តពូជ គេអាចសម្គាល់បក្សីនេះ ដោយផ្នែកខាងខ្នងមានពណ៌ប្រផេះក្រម៉ៅ ក្បាលនិងក មានពណ៌សព្រលែត រីឯបន្ទូលក្បាលមានរោមពណ៌ខ្មៅ ចំពុះលឿង ហើយផ្នែកខាងក្រោមស្លាបមានពណ៌ខ្មៅឆ្នូតកណ្ដាលប្រផេះ។

ចំណែកនៅរដូវបន្តពូជវិញ ចំពុះរបស់វាប្រែទៅជាលឿងទុំ។ បក្សីប្រភេទនេះ ចូលចិត្តរស់នៅតាមតំបន់ដីសើមផ្សេងៗ និងតំបន់ឆ្នេរ វាលស្រែ និងព្រៃកោងកាង។ ការបន្តពូជបក្សីក្រសាប្រផេះ គឺមានរយៈពេលពេញមួយឆ្នាំ ហើយវាអាចផ្ដល់ពងបានចន្លោះពី ៣-៥គ្រាប់៕