ដំណឹងក្រៀមក្រំ! គ្រូជម្រើសជាតិកីឡាហែលទឹក ហែម លំផាត់ ទទួលមរណភាពកាលពីយប់មិញនេះដោយសារតែ…

ភ្នំពេញ៖ អតីតកីឡាករ និង គ្រូជម្រើសជាតិកីឡាហែលទឹកកម្ពុជា លោក ហែម លំផាត់ បានទទួលមរណភាព កាលពីវេលាម៉ោង១ រំលេងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ក្នុងវ័យ៤៩ឆ្នាំ ដោយសារតែរោគាពាធ ។

យោងតាមការដកស្រង់សម្ដីរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលចុះផ្សាយដោយកាសែត Fresh News បានឲ្យដឹងថា លោក ហែម លំផាត់ បានឈឺចាប់ក្នុងពោះរយៈពេល១សប្ដាហ៍មកហើយ លុះក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ទើបដឹងថា គាត់ធ្លាយក្រពះ ខណៈក្រុមគ្រូពេទ្យក៏ព្យាយាមណាស់ដែរ ប៉ុន្តែដោយសារតែសភាពជំងឺរបស់លោក ធ្ងន់ធ្ងរឈាមនៅតែបន្តហូរ លោកក៏បានស្លាប់បាត់បង់ជីវិតកាលពីយប់មិញតែម្ដង។

ប្រភពដដែលបានបន្ថែមទៀតថា គ្រួសារកីឡាហែលទឹក ទាំងប្រភេទកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ពិតជាមានការសោកស្ដាយជាខ្លាំង ដែលបាត់បង់គ្រូបង្វឹកដ៏ឆ្នើមម្នាក់ ធ្លាប់ផលិតធនធានកីឡាករ-កីឡាការនីជាច្រើន ចូលរួមប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិ។

ប្រភព៖ Freshnews