ខែបុណ្យខែទានមិនគិតទៅវត្តទៅវ៉ា គិតតែផឹកស៊ីវាយដំគ្នា បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ ព័ត៌មានជាតិ

33

ក្រុងសៀមរាប: កាលពីវេលាម៉ោង ២០ និង៤២នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ក្រុមជនសង្ស័យចំនួន០២ក្រុម បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខាងលើ ហើយបានមានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី ហើយក៏បានធ្វើសកម្មភាពប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកដោយយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមកបណ្ដាលអោយឱ្យ មនុស្សម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ និង ទទួលបានសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុង សៀមរាប បានបញ្ជារអោយកម្លាំងត្រៀមអន្តរាគមន៍ ក្រុងសៀមរាបដឹកនាំដោយលោកនួន សក្តិ ចំរើនរិទ្ធអធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសាលាកំរើក ដោយមានការចូលរួមពីបងប្អូនប្រជាការពារ បានចុះទៅដល់ទីកន្លែងកេីតហេតុភ្លាមៗ និងបានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យទាំង២ក្រុមចំនួន០៨នាក់ខាងលើ មកធ្វើការសាកសួរ និងបញ្ជូនអ្នករងរបួសម្នាក់ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាល ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ជនសង្ស័យទាំង០៨នាក់ដែលត្រូវបាននាំមកធ្វើការសាកសួររួមមាន÷

-ទី១/ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប ។

-ទី២/ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

-ទី៣/ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

-ទី៤/ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

-ទី៥/ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។

-ទី៦/ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។

-ទី៧/ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។

-ទី៨/ឈ្មោះ ប៉ូ សុងហេង ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ សមត្ថកិច្ចយើងសន្និដ្ឋានថា ពួកគេទាំងក្រុមធ្លាប់មានទំនាស់ជាច្រើនលើកច្រើនសារមកហើយ ហើយនៅថ្ងៃកើតហេតុ ពួកគេបានចូលផឹកស៊ីនៅហាងមាយយ ដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ហើយបានទាស់ពាក្យសម្តីគ្នា ជាថ្មីម្តងទៀត រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់។

យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ទីតាំង និងចម្លើយសារភាព របស់ជនសង្ស័យទាំង៩ នាក់ ខាងលើ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប